កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដោយសហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, បានរៀបចំកិច្ចប្រជុំជំរុញការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យ របស់មន្ទីរ-អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជំនាញ, តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ១៧៦ រូប។
កិច្ចប្រជុំនេះក្នុងគោលបំណងជំរុញ ក៏ដូចជាបង្ហាញពីនីតិវិធីមួយចំនួន សម្រាប់ឱ្យអង្គភាពកាន់កាប់ទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ពន្លឿនការរៀបចំស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ របស់អង្គភាពសាមី ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។